យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្របពេលដែលជំងឺកូវីដ១៩ នៅតែបន្តវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ចំនួនលក់រថយន្តនៅក្នុងប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង ទោះបីជាមានការបញ្ចេញរថយន្តស៊េរីថ្មីមកជាបន្តបន្ទាប់គ្នាក៏ដោយ។
ជាមួយគ្នានេះ សហព័ន្ធឧស្សាហកម្មថៃ Federation of Thai Industries ឬហៅកាត់ថា FTI បានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះថា ការលក់រថយន្តក្នុងស្រុកនៅក្នុងប្រទេសថៃ បានធ្លាក់ចុះចំនួន ១១,៦២ ភាគរយក្នុងខែកក្កដា សល់ត្រឹម ៥២ ៤៤២ គ្រឿង បើប្រៀបធៀបជាមួយនឹងឆ្នាំមុន ដែលវាជាកម្រិតទាបបំផុតក្នុងរយៈពេល ៧ ខែចុងក្រោយនេះ។
សហព័ន្ធឧស្សាហកម្មថៃ បានបន្តឲ្យដឹងទៀតថា ការលក់រថយន្តក្នុងស្រុកបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែវិធានការណ៍បិទខ្ទប់ ដើម្បីការពារពីការរីករាលដាលនៃជំងឺកូវីដ១៩, ការរឹតត្បឹតលើការផ្តល់ប្រាក់កម្ចីរថយន្ត និង ការពន្យារពេលផលិតម៉ូដែលរថយន្តមួយចំនួន ទៀតផង។
គួររំលឹកឲ្យដឹងដែរថា ចំនួនលក់រថយន្តកាលពីខែមិថុនា បានកើនឡើងរហូតដល់ទៅ ១៥,០៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន៕